ជម្រាបសួរ ខ្ញុំបាទ វី វឌ្ឍនៈ
លោកវឌ្ឍនៈ ជាអ្នកប្រឹក្សាយោបល់ និងអ្នកដោះស្រាយផ្លូវចិត្ត អារម្មណ៍ និងស្មារតីដែលចុះឈ្មោះស្របច្បាប់ជាមួយនឹងសមាគមសុខភាពផ្លូវចិត្តអូស្ត្រាលី (ACA) និងមានគ្លីនិកឯកទេសផ្ទាល់ខ្លួនសម្រាប់ការផ្តល់សេវាឯកជននៅប្រទេសអូស្ត្រាលី។
លោកវឌ្ឍនៈជាអ្នកប្រឹក្សាខ្មែរដំបូងគេបង្អស់ដែលបានចុះឈ្មោះស្របច្បាប់ និងមានការទទួលស្គាល់ពីសមមាគមសុខភាពផ្លូវចិត្តអូស្ត្រាលី (ACA) ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការផ្តល់សេវាដោះស្រាយជូនទៅមនុស្សគ្រប់ស្រទាប់ វណ្ណៈ ជាពិសេសចំពោះបុគ្កលដែលមកពីជាតិសាសន៍ និងវប្បធម៌ដទៃៗ។ លោកវឌ្ឍនៈបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអាដឺឡែត (UOA) ដែលជាសកលវីទ្យាល័យសិ្ថតក្នុងលំដាប់១%ទូទាំងពិភពលោក និងសាកលវីទ្យាល័យ Edith Cowan University (ECU) ដែលជាសាកលវិទ្យាល័យឯកទេសសុខភាពផ្លូវចិត្តដ៏មានកិត្យានុភាពជាងគេនៅប្រទេសអូស្ត្រាលី លោកវឌ្ឍនៈគឺជាអ្នកប្រឹក្សា និងដោះស្រាយសុខភាពផ្លូវចិត្តដោយផ្អែកលើការស្រាវជ្រាវច្បាស់លាស់។ ដើម្បីផ្ដល់ជូននូវសេវាកម្មប្រឹក្សាយោបល់ដែលមានគុណភាពខ្ពស់ទៅដល់អតិថិជន លោកវឌ្ឍនៈមានប្រើវិធីសាស្ត្រជាច្រើនផ្សេងៗគ្នាដែលមានដូចជា ការព្យាបាលដោយផ្តោតលើបុគ្គល(PCT) វិធីសម្ភាសន៍លើកទឹកចិត្ត(MI) ការប្រឹក្សាដោយផ្តោតលើដំណោះស្រាយ(SFT) ការប្រឹក្សាដោយការសង្កេតទៅលើអាកប្បកិរិយា(CBT) និងការប្រឹក្សាដោយចលនាអាកប្បកិរិយា(BT)។ ដោយមានបទពិសោធន៍ជានរវិទូ លោកវឌ្ឍនៈចាត់ទុកថាការប្រឹក្សាយោបល់នេះមិនត្រឹមតែជាការដោះស្រាយដោយនិយាយសន្ទនាប៉ុន្តោះទេ តែជាការស្វែងយល់ពីដំណើរដើមទងនៃបញ្ហា ផ្ដល់ឱកាសឱ្យភ្ញៀវបើកចំហរអារម្មណ៍ក្នុងខ្លួនឯង និងស្វែងរកជម្រើសផ្សេងៗផ្ដល់ទៅឱ្យភ្ញៀវវិញ។ លោកវឌ្ឍនៈក៏មានជំនាញស្ទាត់ក្នុងការប្រើប្រាស់ និងឆ្លុះបញ្ចាំងពីរឿងហេតុដែលកើតឡើងផ្ទាល់ក្នុងការផ្ដល់ប្រឹក្សាយោបល់ជាក្រុម ការប្រឹក្សាយោបល់ឱ្យគូស្រករ ប្ដីប្រពន្ធ និងប្រឹក្សាយោបល់បញ្ហាគ្រួសារផងដែរ។ មិនតែប៉ុណ្ណោះ លោកវឌ្ឍនៈមានជំនឿយ៉ាងមុតមាំក្នុងការបន្តការអប់រំរៀនសូត្រទៅមុខទៀតពេញមួយជីវិត។ បច្ចុប្បន្ន លោកវឌ្ឍនៈកំពុងធ្វើការផ្លាស់ប្តួរជីវិតរបស់មនុស្សរស់នៅក្នុងសហគមន៍អូស្ដ្រាលីជាច្រើនតាមរយៈការផ្តល់ប្រឹក្សាយោបល់ជួបផ្ទាល់ ការប្រឹក្សាយោបល់តាមបណ្ដាញអុីនធឺណេត ការថ្លែងសន្ទរកថាសាធារណៈ ប្រើប្រាស់ពេលវេលាផ្ទាល់ខ្លួនស្ម័គ្រចិត្តចូលរួមសិក្ខាសាលាជំនួយគម្រោងសហគមន៍ ‘Untangle: A Mental Health Project’ នៅប្រទេសកម្ពុជា និងបន្តបណ្ដុះបណ្ដាលគំនិតយុវជនទៅលើប្រធានបទសុខភាពផ្លូវចិត្តទូទាំងប្រទេសអូស្ដ្រាលី និងកម្ពុជាផងដែរ។ សម្រាប់ជីវប្រវត្តិ និងពានរង្វាន់ លោកអ្នកអាចចូលទៅកាន់៖ |